បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកពីរទីតាំងនៅព្រលានយន្តហោះធំ Zaventem ទីក្រុងព្រុចសែល និងស្ថានីយមេត្រូ(ក្រោមដី)ក្នុងប្រទេសបែលហ្ស៊ិកដែលបង្កឲ្យមនុស្សជាង៣០នាក់បានស្លាប់កាលពីម្សិលមិញ សម្រាប់នៅថ្ងៃនេះប៉ូលិសបានបង្ហាញមុខជនសង្ស័យដែលថតបានកាមេរ៉ាសុវត្ថិភាព។
បុរសដែលត្រូវគេដាក់ការសង្ស័យត្រូវគេប្រទះឃើញដើរជាមួយជនសង្ស័យម្នាក់ទៀតពីរនាក់ មុនពេលផ្ទុះគ្រាប់បែកផ្ទួនៗនៅប្រលានយន្តហោះធំ Zaventem ។ មិនត្រឹមតែមានការផ្ទុះនៅទីតាំងទាំងពីខាងលើទេ ការវាយឆ្មក់ប្រឆាំងភេរវកម្មបានកើតឡើងទូទាំងប្រទេសបែលហ្ស៊ិក។
ក្រោយមានរឿងនេះកើតឡើងក្រុមរដ្ឋអិស្លាម(IS) បានចេញមកទទួលខុសត្រូវថាខ្លួនជាអ្នកនៅពីក្រោយរឿងនេះ។ បើតាមសេចក្ដីថ្លែងការណ៍តាមបណ្ដាញក្រុមនេះបាននិយាយថា ទីតាំងដែលគេដាក់បំផ្ទុះគឺត្រូវបានគិតទុកមុននិងដើម្បីព្រមានរឿងអាក្រក់នឹងកើតឡើងទៀត បើមានការប្រឆាំងជាមួយរដ្ឋអិស្លាម។
តាមរូបភាពព្រះរាជអាជ្ញា Frederic Van Leeuw បាននិយាយថាជនសង្ស័យបានពាក់ពួកនិងអាវរងាខាងក្រៅ។ ប៉ុន្តែជនសង្ស័យពីរនាក់ត្រូវបានស្លាប់ បន្ទាប់ពីបំផ្ទុះធ្វើអត្តឃាត និងជនសង្ស័យម្នាក់ទៀត (បុរសអាវស ពាក់មួក) ត្រូវប៉ូលិសជឿថាបានរត់គេចខ្លួន។ ប្រជាជននិងប្រទេសជាច្រើនបាននាំគ្នាចេញមកឧទ្ទិសនៃការស្លាប់របស់ប្រជាជនបែលហ្ស៊ិកនិងបាញ់ភ្លើងរូបទង់ជាតិប្រទេសនេះលើកន្លែងសំខាន់ជាច្រើនលើពិភពលោក៕



